Ronaldo រក​បាន​គ្រាប់​បាល់​ទី​១០​ជាប់​ៗ​គ្នា ប៉ុន្តែ Real បាន​ត្រឹម​ស្មើ​ជាមួយ Atletico





ខ្សែ​ប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់​បាល់​ពីការប្រកួត​១០​លើក​ជាប់​ៗ​គ្នា​សម្រាប់​ក្រុម Real Madrid ប៉ុន្តែ ពួក​គេ​ត្រឹម​តែ​អាច​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ជាមួយ​នឹងក្រុម Atletico Madrid ក្នុង​ការប្រកួត​ក្រប​ខ័ណ្ឌ La Liga កា​លពី​ថ្ងៃ​អាទិត្យ​​។ Real រក​បាន​ឱកាស​ពី​ការ​ប្រកួត​ក្នុង​ទីក្រុង​តែមួយ​នេះ​ច្រើន​ជាង ហើយ​ខ្សែ​បម្រើ Marco Asensio និង​ខ្សែ​ការ​ពារ Marcelo សុទ្ធ​សឹង​មាន​ឱ​កាសក្នុងការ​ស៊ុត​បាល់​ប៉ះ​ទៅ​នឹង​របារ​ទី​ដូចគ្នា​។ Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​​ទី​យ៉ាងល្អ ក្រោយពី​ការ​បញ្ជូន​បាល់​ពី​ស្លាប​ឆ្វេង​របស់​ខ្សែ​ប្រយុទ្ធ Gareth Bale ដើម្បី​រក​គ្រាប់​បាល់​ទី​២០​របស់​គេ​ក្នុង​ការ​បង្ហាញ​ខ្លួន​១០​លើកសម្រាប់​ក្លិប​របស់​គេ​។ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ Antoine Griezmann បានរក​គ្រាប់​បាល់​តាមស្មើ​វិញ ក្រោយ​ពី​ការ​ស៊ុត​របស់​កីឡាករ Vitolo ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំទី Keylor Navas​។ លទ្ធផលនេះ បាន​ធ្វើ​ឲ្យ​ក្រុម​ឈរលេខ​២ Atletico នៅ​តែ​នាំ​មុខ​៤​ពិន្ទុ​លើ​ក្រុម Real ប៉ុន្តែ ១១​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពុង​តែ​នាំ​មុខ Barcelona ដែល​បាន​ផ្តួល​ក្រុម Leganes ក្នុងលទ្ធផល ៣-១ កាល​ពីថ្ងៃ​សៅរ៍ ខណៈ​ដែល Lionel Messi បាន​ស៊ុត​បាល់​​បញ្ចូល​ទី​៣​​គ្រាប់​។ Ronaldo ត្រូវ​បាន​ប្តូរ​ចេញ​ ដោយដាក់ជំនួស​វិញ​ដោយ Karim Benzema សម្រាប់​ការ​ប្រកួត​រយៈ​ពេល​២៦​នាទី​ចុងក្រោយ ដែល​អាច​បង្ហាញ​ថា ជា​ការ​ទុក​ជើង​សម្រាប់​ការប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ជើង​ទី​១ ជាមួយ​នឹងក្រុម Juventus នៅ​ថ្ងៃ​ពុធ សប្តាហ៍នេះ​៕


ប្រភព​ព័ត៌​មាន៖ BBC

Comments