តំណាប់ល្មុត

តំណាប់ល្មុត ឬ ដំណាប់សេដា

ក៏ជាចំណីមួយបែបដែលកើតចេញមកពីស្រុកក្រូចឆ្មារ ហើយមិនមានអ្នកស្រុកណាផ្សេងបានស្គាល់ឡើយ។  ប៉ុន្តែក្រោយពីបានស្គាល់ហើយ គ្រប់គ្នានឹងលាន់មាត់សរសើរថាឆ្ងាញ់ ថែមទាំងសួរពីរបៀបធ្វើវាទៀតផង។  ល្មុត ឬសេដា មាននៅស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ប៉ុន្តែ ដោយឡែក មិនមាននរណាម្នាក់ចេះធ្វើដំណាប់របស់វាឡើយ។  ដោយសារតែសម្បូរពេក ឬ ទីផ្សារល្មុតថោកពេក គ្មានអ្នកទិញ ប្រជាជនចាប់ផ្តើមនឹងឃើញយកវាមកធ្វើជាដំណាប់ដែលអាចទុកបានយូររហូតដល់ជាងមួយឆ្នាំឯណោះ។  មានដំណាលដំបូងឡើយដែលក៏កើតចេញជាដំណាប់ល្មុតនេះ។  គឺនៅក្នុងគ្រួសារធំមួយដែលមានដីឡូ យ៉ាងធំ មានដំណាំគ្រប់សព្វ តែមានដើមល្មុតដ៏ធំមួយក្បែរផ្ទះ។  គ្រួសារនេះមានកូនស្រីច្រើន ដែលជាមនុស្សឧស្សាហ៌ព្យាយាម ហើយចូលចិត្តញ៉ាំម្ជូរប្លែកៗ។ ដោយសារតែ ល្មុតខ្ចីឬចាស់ វាមានរសជាតិចត់ ដូចនេះហើយពួកគេក៏នឹកឃើញ យកវាមកញ៉ាំលេងជាមួយអំពិលទុំ និងអំបិលគ្រាប់។ ឃើញថារសជាតិពីនេះត្រូវគ្នា ពួកគេក៏ចាប់ផ្តើមយកវាទៅហាលដើម្បីអោយរសជាតិទាំងពីររលាយចូលគ្នានៅពេលដែល អំបិល និងស្ករត្រូវនឹងកំដៅថ្ងៃ។



ប៉ុន្តែការដែលធ្វើរបៀបនេះ យើងមិនអាចទុកវាបានយូរទេ យ៉ាងយូរត្រឹមតែបីថ្ងៃប៉ុណ្ណោះ វានឹងផ្អោមខូច។  គួគេក៏ចាប់ផ្តើម យកល្មុតទៅចិតយកសំបកចេញ ចិតសាច់ល្មុតជាចំណិតៗ ហើយលាយជាមួយ ស្ករ អំបិល អំពិលទុំ ច្របាច់ចូលគ្នា ហើយយកទៅហាលថ្ងៃ រហូតវាអស់ជាតិទឹក គ្រឿម។  ពេលនោះហើយដែលតំណាប់ល្មុតអាចទុកបានយូរ នឹងចែកចាយដល់ភ្ញៀវ បងប្អូនជិតឆ្ងាយបានញ៉ាំ បានស្គាល់រសជាតិ និងចង់ដឹងពីវិធីធ្វើតៗគ្នារហូត មកដល់ពេលនេះ។  មានគ្រួសារខ្លះទៀតក៏បានបង្កើតជាអាជីវកម្មធ្វើដំណាប់ល្មុតលក់ ដល់ទីក្រុង និងដល់ក្រៅប្រទេស។  ដំណាប់ល្មុតត្រូវបានគេដាក់លក់ ក្នុងតម្លៃ១៥០០០៛ ថោកបំផុតក្នុងមួយគីឡូ និង៤០០០០៛ ថ្លៃបំផុតក្នុងមួយគីឡូ។  តម្លៃខុសគ្នាដោយសារតែរសជាតិខុសគ្នាចេញពីស្នាដៃខុសគ្នា ឬក៏ទៅតាម រដូវកាលដែរសម្បូរ និងមិនសូវសម្បូរល្មុត។ 

ដំណាប់ល្មុតដែលទុកបានយូរ មានពណ៌ក្រហមឆ្អិនឆ្អៅ ដែលមើលទៅគួរអោយចង់ញ៉ាំ! 
ចង់ដឹងរបៀបលំអិតធ្វើដំណាប់ល្មុតអាចប្រាប់បានក្នុងខមមិន នោះខ្ញុំនឹងសរសេរពីរបៀបធ្វើវាលំអិតជូនអ្នកទាំងអស់គ្នាបានដឹង។ 

Comments