លោក Eusebio Di Francesco គ្រូបង្វឹករបស់ក្រុម Roma បានលើកទឹកចិត្តឲ្យក្រុមរបស់លោក ជឿជាក់ទៅលើ «ការបង្កើតអព្ភូតហេតុ» មួយ ក្នុងការលុបចោលលទ្ធផលដេញតាមពីក្រោយ ៤-១ នៅពេលប្រកួតជាមួយនឹងក្រុម Barcelona និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona ក៏បានបញ្ជាក់កាលពីថ្ងៃចន្ទផងដែរ ថា លោករំពឹងទុកថា នឹងមានការវាយសម្រុកខ្លាំងក្លាពីក្រុម Roma ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី២របស់ពួកគេ នាកីឡដ្ឋាន Stadio Olimpico នៅរាត្រីនេះ។ លោក Di Francesco បានប្រាប់សន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតថា៖ «យើងត្រូវតែជឿជាក់ចំណុចសំខាន់ផ្សេងៗ និងប្រជែងដោយការស្រេកឃ្លានដ៏អស្ចារ្យ។ ពួកគេនឹងលេងក្នុងទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេដើម្បីយកលទ្ធផល ប៉ុន្តែ ក៏អាចបង្កើតឲ្យមានអព្ភូតហេតុមួយផងដែរ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាពិតជាលំបាក ប៉ុន្តែ យើងត្រូវតែជឿជាក់។ យើងបានធ្វើការរារាំង Lionel Messi ក្នុងជើងទី១ ហើយយើងត្រូវតែព្យាយាមធ្វើឲ្យបានម្តងទៀតនៅថ្ងៃស្អែកនេះ»។ ក្នុងសន្និសីទសារព័ត៌មានមួយនៅមុនពេលការប្រកួតក្នុងទីក្រុងរ៉ូម លោក Valverde បានឲ្យដឹងថា៖ «ខ្ញុំបានធ្វើការនេះរយៈពេលយូរគ្រប់គ្រាន់ក្នុងការដឹងថា រឿងដ៏អស្ចារ្យជាច្រើនអាចកើតឡើងក្នុងការប្រកួតមួយ។ វានឹងក្លាយជាការប្រកួតក្នុងប្រភេទតែមួយ ប៉ុន្តែ ពួកគេនឹងមានភាពស្វិតស្វាញជាងមុន»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «ប្រវត្តិសាស្ត្របង្ហាញឲ្យឃើញរួចជាស្រេចថា ស្ថិតក្នុងកម្រិតរបស់យើង វាពិតជាលំបាកណាស់ក្នុងការរកគ្រាប់បាល់នៅពេលប្រកួតជាមួយយើង ប៉ុន្តែ យើងមិនអាចគិតថា ពួកគេមិនមានឱកាស ឬពួកគេនឹងមិនព្យាយាមឡើយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
ប្រភពព័ត៌មាន៖ Channel News Asia
Comments