លោក Heynckes ព្រមាន Real ជុំ​វិញ Lewandowski ខណៈ​ក្រុម​របស់​លោក​ត្រៀម​ប៉ះ Sevilla






លោក Jupp Heynckes បាន​ច្រាន​ចោល​ថា ខ្សែ​ប្រយុទ្ធ Robert Lewandowski នឹង​ចុះហត្ថលេខា​ជាមួយ​នឹងក្លិប Real Madrid​។ តា​រាឆ្នើមអន្តរ​ជាតិ​ប៉ូឡូញ​វ័យ​២៩ឆ្នាំ​រូបនេះ កំពុង​តែ​ត្រូវ​បាន​ទាក់​ទង​នឹង​ជាមួយ​នឹង​ការផ្ទេរ​​មួយ​នៅ​រដូវក្តៅ​ខាងមុខ​នេះ​ទៅកាន់ Real Madrid បើ​ទោះ​បី​ក្លិប​យក្ស​របស់​អាល្លឺ​ម៉ង់ បាន​បញ្ជាក់​ម្តង​ហើយម្តងទៀត​ថា រូប​គេមិនមែន​សម្រាប់​លក់​​ឡើយ​។ ស្រប​ពេល​ដែល​លោក Heynckes កំពុង​តែ​រៀប​ចំ​​ក្រុមរ​បស់​លោក​សម្រាប់​ការ​ប្រកួត​ជាមួយ​នឹងក្រុម Sevilla ​នៅ​លើ​ទឹកដី​អេ​ស្ប៉ាញ ក្នុងការប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨ក្រុម ជើង​ទី​១ នៅ​រាត្រីនេះ គ្រូបង្វឹក​របស់​ក្រុម Bayern បានប្រាប់​ក្លិប Real ម្តង​ទៀតថា មិន​ឲ្យ​​ខ្ជះ​ខ្ជាយ​ពេល​វេលា​របស់​ពួក​គេ​ទៅលើ Lewandowski​​។ Bayern បាន​អះ​អាង​ថា ពួក​គេ​ចង់​ទិញ​​ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ក្នុង​តម្លៃខ្លួន​៣១​លាន​ផោន ពីក្លិប Real ដើម្បី​ធ្វើ​ឲ្យ​ការ​ខ្ចី​ជើង​របស់​គេក្លាយ​ជា​ការផ្ទេរ​ជា​អចិន្ត្រៃយ៍​​។ Real អាច​នឹង​​យក​ការ​ផ្ទេរ​មួយនេះ ធ្វើ​ជា​ស្ពាធ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ Lewandowski វិល​ទៅកាន់​ក្លិប​របស់​ខ្លួន​វិញ​។ ប៉ុន្តែ លោក Heynckes បាន​ឲ្យ​ដឹង​ថា៖ «ប្រធាន​ក្លិប​លោក Karl-Heinz Rummenigge បាន​​បញ្ជាក់​រួច​​ជា​ស្រេច​ថា Robert និង Real Madrid មិនមាន​ឱកាស​ឡើយ​។ ពិតណាស់ ខ្ញុំ​បាន​ស្គាល់ James មុន​ពេល​​រូប​គេ​ផ្ទេរ​ទៅកាន់ Bayern»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «នៅពេល​ដែល​ខ្ញុំ​បាន​កាន់​តំណែង​ក្លិប​នេះ កាល​ពី​រដូវ​ស្លឹក​​ឈើ​ជ្រុះ រូប​គេមិន​រឹង​មាំ​ផ្នែក​រាង​កាយ​ឡើយ​។ រូប​គេ​ខ្លាំង​ជាង​មុន​ពេលនេះ​។ រូប​គេ​ជា​កីឡាករ​មាន​ភាព​ផ្សេង​គ្នា​ទាំងស្រុង​»​។ ការ​ប្រកួតនេះ​​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀប​ភ្លឺ​៕


ប្រភព​ព័ត៌​មាន៖ The Sun




Comments