ឱកាស​បញ្ចប់​លេខ​៤​របស់ Chelsea កាន់​តែ​ស្តួច​ស្តើង ក្រោយ​ស្មើ​ជាមួយ West Ham





គ្រាប់​បាល់​តាមស្មើ​ក្នុង​តង់​ទី​២​របស់​ខ្សែ​ប្រយុទ្ធ Javier Hernandez បាន​​​ផ្តល់​ក្តីសង្ឃឹម​កាន់​តែ​ធំ​នៃ​ការ​ប្រជែង​គេច​ឲ្យ​ផុតពី​តំបន់​​កាត់​ចោលនៃក្រប​ខ័ណ្ឌ Premier League របស់​ក្រុម West Ham ប៉ុន្តែ បានកម្ទេចក្តី​សង្ឃឹម​ដ៏ស្តួច​ស្តើង​របស់​ក្រុម Chelsea ក្នុងការប្រជែង​យកចំណាត់​ថ្នាក់​កំពូល​ទាំង​៤ ក្នុង​ពេល​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ នា​កីឡដ្ឋាន Stamford Bridge​ កាលពី​ថ្ងៃអាទិត្យ​។ ខ្សែ​ការ​ពារ Cesar Azpilicueta បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​យ៉ាងល្អ ក្រោយពី​ការ​បញ្ជូន​បាល់​របស់​ខ្សែ​ប្រយុទ្ធ Alvaro Morata ហើយ​តារាឆ្នើម​អន្តរ​ជាតិ​អេ​ស្ប៉ាញ​របស់ Chelsea រូបនេះ បាន​ឧទ្ទិស​គ្រាប់​បាល់​រសប់​គេ​ទៅកាន់​អតីត​ខ្សែ​បម្រើ​អង់គ្លេស​របស់​ក្លិប​នេះ​គឺ Ray Wilkins ដែល​បានស្លាប់​កាលពីថ្ងៃពុធ ក្នុង​វ័យ​៦១​ឆ្នាំ​។ ប៉ុន្តែ Hernandez ដែល​​ចូល​លេងក្នុងនាម​ជា​កីឡាករ​បម្រុង បាន​រកគ្រាប់​​បាល់​ទី​៩​ក្នុង​​អាជីព​របស់​គេ​នៅពេល​ប្រកួត​ជា​មួយនឹង Chelsea ដើម្បី​ដណ្តើម​បាន​១ពិន្ទុ​សម្រាប់​ក្រុម West Ham​។ វា​គ្រាន់​តែ​ជា​ឱកាស​លើក​ទី​៣​ប៉ុណ្ណោះ​សម្រាប់ West Ham ក្នុង​តំបន់​គ្រោះ​ថ្នាក់​របស់ Cheslea។ ផ្ទុយ​ទៅវិញ ក្រុម​របស់​លោក Antonio Conte ដែលកំពុង​តែ​ស្ថិតក្នុង​​ចំណាត់​ថ្នាក់​លេខ​៥ ដោយ​ដេញ​តាម​ពីក្រោយ​ក្រុម​លេខ​៤ Tottenham ដល់​ទៅ​១០ពិន្ទុ​នោះ បាន​​ស៊ុត​បាល់​​សំដៅ​ទី​ដល់​ទៅ​២៣​លើក​​។ ក្រោយពី​បញ្ចប់​ការប្រកួត លោក Conte បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ណាស់ ហើយខ្ញុំ​សង្ឃឹម​ថា កីឡាករ​​របស់​ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ និង​រក្សា​ការ​ខក​ចិត្ត ពី​ព្រោះ​​យើង​បាន​បង្ហាញពី​ស្មារតី​ប្រយុទ្ធ​ដ៏​ត្រឹម​ត្រូវ​។ ប៉ុន្តែ យើង​ទទួល​យក​លទ្ធផល​នេះ និង​និយាយថា យើង​មិន​មាន​សំណាង់​សោះ​នៅ​ថ្ងៃ​នេះ យើង​​មិន​បាន​​បង្កើត​ចំណុច​ជា​វិជ្ជ​មាន​សម្រាប់​ថ្ងៃ​អនា​គត​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ BBC


Comments