Bayern ឈ្នះ​ពាន​ Bundesliga ៦លើក​ជាប់​ៗ​គ្នា ខណៈ​នៅ​សល់​៥​ប្រកួត​ទៀត





ក្រុម Bayern Munich បាន​ធ្វើ​ការ​វាយ​បក​ដេញ​​តាមពីក្រោយ​ដើម្បីឈ្នះ​​ពានក្រប​ខ័ណ្ឌ Bundesliga ជាលើក​ទី​៦​ជាប់​ៗ​គ្នា បន្ទាប់​ពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុងលទ្ធផល ៤-១ លើក្រុម Augsburg កាល​ពីថ្ងៃ​សៅរ៍​។ ក្រុម Bayern របស់​លោក Jupp Heynckes ដណ្តើម​បាន​ជ័យជម្នះ​ក្នុងការប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ​ដូច​ការ​រំពឹង​ទុក ដើម្បី​ក្លាយ​ជាម្ចាស់​​ជើង​ឯក ខណៈ​ដែល​នៅសល់​​ការប្រកួត​ដល់​ទៅ​៥​លើក​ទៀត​រដូវកាល​នេះ​។ ជ័យ​ជម្នះ​នេះ បាន​​ជួយ​ឲ្យ​ក្រុម Bayern ក្លាយ​ជា​ម្ចាស់​ជើ​ង​ឯក​ជាលើក​​ទី​២៨​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់ពួក​គេ ហើយ​វា​​ជា​ឆ្នាំ​ទី​៦​ជាប់​ៗគ្នា​ដែល​ពួក​គេ​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Bundesliga បើ​គិត​ចាប់​តាំង​ពី​​ការ​ឈ្នះ​ពាន​៣​ក្នុង​រដូវកាល​តែមួយ​របស់​ពួក​គេ ក្នុង​ឆ្នាំ​២០១៣​។ ក្រុម Augsburg រក​បាន​គ្រាប់​បាល់​នាំមុខ​ដ៏មិន​នឹកស្មានដល់​តាម​រយៈ​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ពី​សំណាក់​កីឡាករ Niklas Suele ប៉ុន្តែ ក្រុម Bayern Munich បាន​វាយ​បក​វិញ ខណៈ​ដែល Corentin Tolisso, James ដែល​បន្ទាប់​មក​បាន​ជួយ​ឲ្យ Arjen Robben រក​បាន​​គ្រាប់​បាល់​១​គ្រាប់ និង Sandro Wagner សុទ្ធ​សឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម Bayern នាំ​មុខ​២០ពិន្ទុ​ដាច់​ ខណៈ​ដែលនៅ​សល់​ការប្រកួត​លីក​៥​លើក​ទៀត​នៅ​រដូវ​កាល​នេះ និង​​បាន​បង្ហាញ​ពី​សមត្ថ​ភាព​​ដ៏ខ្លាំង​របស់​ពួកគេ​ក្នុង​ការ​គ្រប់​គ្រង​​ក្រប​ខ័ណ្ឌ Bundesliga ទាំងស្រុង​។ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Robben ដែល​បច្ចុប្បន្ន បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Bundesliga ៧​លើក ចាប់​តាំង​ពី​ចូល​រួម​ជាមួយ​នឹងក្លិប Bayern ក្នុងឆ្នាំ​២០០៩​នោះ បាន​​ឲ្យ​ដឹង​ថា៖ «វា​តែង​តែ​ជា​រឿង​ដ៏ល្អ​ក្នុង​កា​រឈ្នះពាន​មួយ​​។ យើង​បាន​ដឹង​ថា វា​នឹង​កើត​ឡើង ប៉ុន្តែ យើង​នៅ​តែ​ត្រូវ​ឈ្នះ​ជាផ្លូវ​ការ​»​៕

ប្រភព​ព័ត៌​មាន៖ BBC


Comments