Aguero នឹង​ត្រូវ​អវត្តមាន​ពេល Man City ទៅ​ជួប Liverpool រាត្រីនេះ





Manchester City នឹង​ត្រូវ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ដែល​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​របស់​ក្លិបនេះ​គឺ Sergio Aguero សម្រាប់​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​​៨ក្រុម​ចុងក្រោយ​ជើង​ទី​១ នៅលើ​ទឹកដីក្រុម Liverpool នៅ​រាត្រី​នេះ​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាហ្សង់ទីន​រូបនេះ ដែល​រក​បាន​៣០​​គ្រាប់​នៅ​រដូវកាលនេះ បានអវត្តមាន​រយៈពេល​១​ខែ ដោយ​សារ​តែបញ្ហា​របួស​ជង្គង់​។ លោក Pep Guardiola គ្រូបង្វឹក Man City បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារថា Aguero មិន​បាន​​ធ្វើ​ដំណើរ​ជាមួយនឹងក្រុម​របស់​លោក​សម្រាប់​ការប្រកួតនា​កីឡដ្ឋាន Anfield ឡើយ​។ លោក Guardiola បាន​ឲ្យ​ដឹង​ថា៖ «រូប​គេ​កំពុង​តែ​ស្ថិតក្នុង​ទីក្រុង Manchester​។ រូប​គេមិន​បាន​មក​ឡើយ​។ គេមា​ន​បញ្ហា​របួស កាលពី​៣​សប្តាហ៍មុន ហេតុនេះ នៅ​មិន​ទាន់​រឹង​មាំ​នៅឡើយ​ទេ​»​។ ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញរូបនេះ​បានបញ្ជាក់​ថា ក្រុម​របស់​លោក នឹង​នៅ​តែ​ប្រើ​ប្រាស់​បច្ចេក​ទេស​លេង​​បែប​វាយសម្រុក ក្នុងពេល​ជួបក្រុមខ្លាំង​​របស់ Liverpool នៅ​​រាត្រីនេះ​។ លោក Guardiola​ បា​ន​និយាយ​​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «ខ្ញុំ​ដឹង​ថា របៀប​ដែលយើង​លេង​គឺ​ល្អ​​សម្រាប់ Liverpool ពី​ព្រោះ​ពួក​គេ​ជាក្រុមមួយ​ដែល​វាយ​សម្រុក​បែប​​នេះ មិន​ដូច​ក្រុម​ផ្សេង​ក្នុង​ពិភព​លោក​ឡើយ ជាពិសេស Mane, Salah, Firmino ដែល​សុទ្ធ​ជា​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «​ប៉ុន្តែ មធ្យោ​បាយ​ដ៏ល្អ​បំផុត​ក្នុង​ការ​ឈ្នះ គឺ​ត្រូវ​ធ្វើ​តាម​​របៀប​ដែល​យើង​​បាន​ធ្វើ​ចាប់​តាំងពី​យើង​ស្ថិតនៅ​ទីនេះ​»​។ Liverpool គឺ​ជាក្រុម​តែមួយ​ដែល​បានផ្តួលក្រុម​ខ្លាំង Man City ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាលនេះ ក្រោយពី​បាន​យកឈ្នះ​ក្នុងលទ្ធផល ៤-៣ នា​កីឡដ្ឋាន Anfield កាលពី​ខែមករា​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​១:៤៥​ទៀប​ភ្លឺ​៕
ប្រភពព័ត៌​មាន៖ Channel News Asia




Comments