
Mohamed Salah ប្រហែលជាមិនអាចប្រជែងយកឈ្នះលើតារាឆ្នើម Cristiano Ronaldo បានឡើយ អំឡុងពេលការបំពេញកាតព្វកិច្ចអន្តរជាតិ ប៉ុន្តែ ខ្សែបម្រើស្លាបរបស់ក្លិប Liverpool រូបនេះ កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការស្ថិតក្នុងកម្រិតស្មើជាមួយនឹងតារាឆ្នើមអន្តរជាតិព័រទុយហ្គាល់ ក្រោយពីការជួបរដូវកាលប្រកបដោយផ្លែផ្ការបស់គេ។ Salah បានជួបការខកចិត្តក្រោមស្នាដៃរបស់ Ronaldo កាលពីសប្តាហ៍មុន ខណៈដែលរូបគេបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប មានគ្រាប់បាល់នាំមុខមុន ក្នុងការប្រកួតមិត្តភាពជាមួយនឹងព័រទុយហ្គាល់ នៅមុនពេលខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះ រកបាន២គ្រាប់វិញនៅជិតបញ្ចប់ការប្រកួតដើម្បីបំពេញជ័យជម្នះរបស់ក្រុមខ្លួនតែម្តង។ ក្រោយពីការរកបានគ្រាប់បាល់នៅពេលប្រកួតជាមួយនឹងក្រុមរបស់ Ronaldo មាននូវការជឿជាក់ថា តារាឆ្នើមរបស់ក្លិប Liverpool រូបនេះ អាចនឹងឈានដល់កម្រិតជោគជ័យដ៏មិនគួរឲ្យជឿដូចជាទៅនឹង Ronaldo និងតារាឆ្នើម Lionel Messi របស់ក្លិប Barcelona ដែរ។ Salah បានជួបរដូវកាលទី១របស់គេដ៏អស្ចារ្យរួចជាស្រេចជាមួយនឹងក្រុម Liverpool ក្រោយពីការផ្ទេររបស់គេពីក្លិប Roma ហើយរូបគេនឹងឈានទៅកាន់ការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ នៅលើទឹកដីក្រុម Crystal Palace ដោយសម្លឹងរកការបន្តទម្រង់លេងដ៏ល្អរបស់គេ។ ការស៊ុតបាល់បញ្ចូលទី៤គ្រាប់របស់ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ ក្នុងពេលក្រុម Liverpool យកឈ្នះលើក្រុម Watford ៥-០ នៅមុនពេលការប្រកួតអន្តរជាតិ បានបង្កើតកំណត់ត្រាថ្មីនៃរកបានគ្រាប់បាល់ដ៏ច្រើនបំផុតពីកីឡាករនៃក្រុម Liverpool ម្នាក់ ក្នុងរដូវកាលទី១របស់គេ៕
ប្រភពព័ត៌មាន៖ Channel News Asia
Comments