Ronaldo អាច​នឹង​​ជាប់​គុក​រយៈពេល​១០​ឆ្នាំ ​លើ​ការ​បន្លំ​ការ​បង់​ពន្ធ




ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយហ្គាល់ Cristiano Ronaldo របស់​ក្លិប Real Madrid និង​​​ក្រុម​ការ​ងារ​តំណាង​របស់​គេ បានផ្លាស់​ប្តូរ​ចម្លើយ​របស់​ខ្លួន​ទាក់​ទង​នឹង​ការ​បន្លំ​មិន​បង់​ពន្ធ​របស់​គេ ពី​ព្រោះ​រូប​គេ​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​​ជាប់​គុក​រយៈ​ពេល​១០​ឆ្នាំ សម្រាប់​​​ការ​ចោទ​ប្រកាន់​៤​ករណី​។ តា​រាឆ្នើម​អន្ត​រជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ ធ្លាប់​បាន​និយាយ​កាល​ពីមុន​ថា រូប​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​​ឡើយ​។ ប៉ុន្តែ បើយោង​ទៅ​តាម​ការ​ចេញផ្សាយ​របស់​កា​សែត Cadena Ser និង ASក្រុម​​មន្ត្រី​ជំនាញ​​ដែល​ស្នើ​ដោយ​​មេធាវី​របស់​គេ បច្ចុប្បន្ន​បាន​យល់​ព្រម​ជា​មួយ​នឹង​អាជ្ញា​ធរ​ពន្ធ​ដារ ថា កីឡាករ Ronaldo បាន​បន្លំ​ការ​បង់​ពន្ធ​ក្នុង​ទឹក​ប្រាក់​១៤,៧​លាន​អឺ​រ៉ូ (ស្មើ​នឹង​១៨​លាន​ដុល្លារ​អាមេរិក)​ ពិត​ប្រាកដ​មែន​។ មន្ត្រី​ជំនាញ​ទាំង​នោះ ដែល​ត្រូវ​បាន​ស្នើ​ដោយ​មេធាវី​របស់ Ronaldo គឺ​ជា​មន្ត្រី​​អាជីព​ទាំង​៣​នាក់​មក​ពី​​​​ការិ​យា​ល័យ​ជាតិ​ផ្នែក​ពន្ធ​ដារ​អន្តរ​ជាតិ ដែល​ជា​អង្គ​ភាព​របស់​អាជ្ញា​ធរ​របស់​អេ​ស្ប៉ាញ​។ មន្ត្រី​ទាំង​នោះ ត្រូវ​បាន​ចោទ​សួរ​អស់​រយៈពេល​៤ម៉ោង ដោយ​តុលា​ការ​ក្នុង​ទីក្រុង Pozuela de Alarcon ក្បែរ​ទីក្រុង​ម៉ាឌ្រីដ និង​បាន​យល់​​ស្រប​គ្នា​ថា កីឡាករ​រូបនេះ​ពិត​ជា​បាន​បន្លំ​ការ​បង់​ពន្ធ​ក្នុង​ទឹក​ប្រាក់​១៤,៧​លាន​អឺ​រ៉ូ ក្នុង​រយៈពេល​៤​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១១ និង​២០១៤ មែន​។ មន្ត្រី​ជំនាញ​ទាំង​នោះ​បាន​ច្រាន​ចោល​ការ​ចាត់​វិធាន​ការ​ផ្នែក​ច្បាប់​ប្រឆាំង​នឹង​ក្រុម​ការ​ងារ​របស់ Ronaldo ដែល​បាន​ព្យា​យាម​លើក​ហេតុផល​ថា ចំណូល​របស់​គេ​ពី​ការ​លក់​សិទ្ធិ​​លើ​រូប​ភាព គឺ​ជា​​ចំណូល​​បាន​មក​ពី​ចល​ន​ទ្រព្យ (ដែល​គិត​ពន្ធ​ទាបជាង) មិន​មែន​ជា​ចំណូល​ការ​ងារ​ឡើយ​។ Ronaldo បច្ចុប្បន្ន នឹង​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ចរ​ចា​ជាមួយ​នឹង​អាជ្ញា​ធរ​ពន្ធ​ដារ បើ​មិន​អ៊ី​ចឹង​ទេ នឹង​ត្រូវ​​កោះ​​ហៅ​ឲ្យ​ឡើង​តុលា​ការ ដែល​ជា​កន្លែង​រូប​គេ​​អាច​នឹង​ប្រឈម​មុខនឹង​ការ​ជាប់​គុក​១០​ឆ្នាំ​៕
ប្រភព​ព័ត៌​មាន៖ AS



Comments