ប្រធាន​ក្លិប Roma ទទួល​ស្គាល់​ថា Salah ត្រូវ​បាន​លក់​ទៅ​ឲ្យ Liverpool ក្នុង​តម្លៃ​ថោក




លោក Monchi ប្រធាន​ផ្នែ​កីឡា​​របស់ក្លិប As Roma បាន​ទទួល​ស្គាល់​ថា ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អេ​ហ្ស៊ីប Mohamed Salah ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្លួន​ថោក​ទៅ​ឲ្យក្លិប Liverpool សម្រាប់​តម្លៃខ្លួន​៤០​លាន​អឺ​រ៉ូ (ស្មើ​នឹង​៤៩​លាន​ដុល្លារ​អាមេរិក) នៅមុន​​ពេល​ឥទ្ធិពល​របស់ Neymar បាន​ផ្លាស់​ប្តូរ​ទីផ្សារ​ដោះដូរ​កីឡាករ​។ ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​នឹង​​បណ្តាញ​សារ​ព័ត៌មាន​អន្តរ​ជាតិ​ក្នុង​ទីក្រុង​រ៉ូម កាល​ពីថ្ងៃ លោក Monchi បាន​ឲ្យ​ដឹង​ថា៖ «ដើម្បី​យល់​ឲ្យ​កាន់​តែ​ច្បាស់​ពីការ​លក់​នេះ អ្នក​ត្រូវ​តែ​​យល់​ដឹង​ពី​ចំណុច​២​។ ទី​១ វា​ត្រូវ​បាន​ធ្វើ​​​ឡើង​នៅមុ​​នពេល​ឥទ្ធិ​ពល​របស់ Neymar ដែល​បានផ្លាស់​ប្តូរ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​​»​។ ការ​ផ្ទេរ​ក្នុង​តម្លៃខ្លួន​២២២លាន​អឺ​​រ៉ូ របស់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​ប្រេស៊ីល Neymar ពី​ក្លិប Barcelona ទៅកាន់​ក្លិប Paris Saint-Germain កាល​ពី​ខែ​សីហា ឆ្នាំមុន បាន​ចាប់ផ្តើម​​បង្កើត​ឲ្យ​មាន​ប្រតិ​កម្ម​ជា​បន្ត​បន្ទាប់​តែម្តង​​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Ousmane Dembele បាន​ផ្ទេរ​ពីក្លិប Borussia Dortmund ទៅកាន់ Barcelona ក្នុង​តម្លៃ​ខ្លួន​១៤៥​លាន​អឺ​រ៉ូ ខណៈ​ដែល​តា​រា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល Philippe Coutinho បានផ្ទេរ​ទៅកាន់​ក្លិប Barcelona ពីក្លិប Liverpool ក្នុងតម្លៃ​ខ្លួន​១៦០​លាន​អឺ​រ៉ូ កាលពី​ខែមក​រា​។ លោក Monchi បាន​បន្ថែម​ទៀត​ថា៖ «យើង​ក៏​ត្រូវ​តែ​លក់​ Salah នៅមុន​ថ្ងៃ​​ទី​៣០ ខែមិថុនា ដោយ​សារ​តែ​​បញ្ហា​ច្បាប់​ប្រកួតប្រជែង​ផ្នែក​ហិរញ្ញ​វត្ថុ​ដោយ​យុត្តិ​ធម៌​។ អ្នក​ដែល​ដឹង​រឿង​រ៉ាវ​នៃ​អាជីវ​​កម្ម​នេះ ដឹង​ថា វា​ហាក់​ដូច​ជា​មាន​ដាវ​មួយ​នៅ​លើក្បាល​របស់​អ្នក​អ៊ី​ចឹង​»​៕
ប្រភពព័ត៌​មាន៖ worldsoccertalk



Comments