Pogba រកបានគ្រាប់បាល់ ខណៈបារាំង ផ្តួលម្ចាស់ផ្ទះរុស្ស៊ី យ៉ាងងាយ



Paul Pogba បានស៊ុតបាល់ពិន័យ Free-kick ពីចម្ងាយចូលទីយ៉ាងល្អ ហើយតារាឆ្នើមវ័យក្មេង Kylian Mbappe បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុមបាល់ទាត់ជាតិបារាំង បានផ្តួលក្រុមម្ចាស់ផ្ទះ World Cup រុស្ស៊ី ក្នុងលទ្ធផល៣-១ ក្នុងការប្រកួតមិត្តភាពមួយក្នុងទីក្រុង St Petersburg កាលពីថ្ងៃអង្គារ។ លោក Didier Deschamps បានផ្លាស់ប្តូរកីឡាករ៧នាក់ ពីក្រុមមួយដែលបានរងបរាជ័យក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុមជម្រើសជាតិកូឡុំប៊ី កាលពីថ្ងៃសុក្រ ក្នុងនោះរាប់បញ្ចូលទាំង Pogba ផងដែរ ដែលត្រូវបានកោះហៅឲ្យលេងក្នុងជម្រើសទាំង១១នាក់ដំបូង។ Pogba បានជួយឲ្យ Mbappe រកបានគ្រាប់បាល់បើកឆាក ហើយបន្ទាប់មក បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អតាមរយៈការពិន័យ Free-kick។ កីឡាករ Fedor Smolov បានវាយបក១គ្រាប់វិញ នៅមុនពេលខ្សែប្រយុទ្ធវ័យក្មេង Mbappe បានបន្ថែមគ្រាប់បាល់ទីរបស់ខ្លួននៅជិតបញ្ចប់ការប្រកួតន។ នេះគឺជាការប្រកួតលើកទី១របស់បារាំង ដែលខ្សែបម្រើ Pogba របស់ក្លិប Manchester United បានរកគ្រាប់បាល់បញ្ចូលទី និងជួយឲ្យមិត្តរួមក្រុមរកបាន១គ្រាប់ទៀត។ លោក Didier Deschamps គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង បានឲ្យដឹងថា៖ «យើងតែងតែមានសមត្ថភាពក្នុងការបង្កើតនូវឱកាសផ្សេងៗ ដើម្បីរកគ្រាប់បាល់ ហើយយើងបានស៊ុតបាល់បញ្ចូលទី៣គ្រាប់»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាតែងតែមានចំណុចជាច្រើនដែលយើងអាចធ្វើឲ្យល្អប្រសើរឡើង។ ក្នុងតង់ទី១ យើងបានខ្ជះខ្ជាយបាល់ច្រើនពេក។ ប៉ុន្តែ បញ្ហានោះបានកើតឡើងតិចតួចក្នុងតង់ទី២»៕
ប្រភពព័ត៌មាន៖ BBC

Comments