
Isco បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានកម្តៅសាច់ដុំសម្រាប់ព្រឹត្តិការណ៍ World Cup តាមរយៈការផ្តួលក្រុមម្ចាស់ជើងឯករងឆ្នាំ២០១៤ អាហ្សង់ទីន យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ ក្នុងការប្រកួតកាលពីថ្ងៃអង្គារ។ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បាននាំមុខ ២-០ យ៉ាងរហ័ស នៅពេលដែលខ្សែប្រយុទ្ធ Diego Costa បានស៊ុតបាល់ផុតដៃអ្នកចាំទី Sergio Romero នៅមុនពេល Isco បានបន្ថែមគ្រាប់បាល់១គ្រាប់ទៀត។ ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានអវត្តមានតារាឆ្នើម Lionel Messi នោះ បានវាយបកបាន១គ្រាប់វិញ តាមរយៈខ្សែការពារ Nicolas Otamendi។ ប៉ុន្តែ ខ្សែបម្រើ Isco និង Thiago Alcantara បានបន្ថែមការនាំមុខរបស់ក្រុមខ្លួនក្នុងលទ្ធផល ៤-១ ខណៈដែលខ្សែបម្រើ Iago Aspas បានបន្ថែមគ្រាប់បាល់ទី៥ នៅមុនពេល Isco បានបំពេញការរកគ្រាប់បាល់ទី៣របស់គេក្នុងរយៈពេល១៦នាទីចុងក្រោយ។ ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលជាម្ចាស់ជើងឯក World Cup ឆ្នាំ២០១០នោះ បច្ចុប្បន្ន មិនស្គាល់ចាញ់សោះពីការប្រកួត១៨លើកចុងក្រោយរបស់ពួកគេ ចាប់តាំងពីលោក Julen Lopetegui បានចូលកាន់តំណែង ក្រោយពីការធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦។ ក្រុមជម្រើសជាតិអេស្ប៉ាញ នៅសល់ការប្រកួតមិត្តភាព២លើកទៀត ពោលគឺជាមួយឹនងក្រុមជម្រើសជាតិស្វ៊ីស និងទុយនីស៊ី នៅមុនពេលពួកគេចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេ ជាមួយនឹងក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ព័រទុយហ្គាល់ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨៕
ប្រភពព័ត៌មាន៖ BBC
ប្រភពព័ត៌មាន៖ BBC
Comments