
លោក Antonio Conte បានបញ្ជាក់ថា Chelsea ត្រូវតែផ្តួលក្រុម Tottenham ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ ប្រសិនបើពួកគេចង់បានឱកាសក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នាដរូវកាលក្រោយ។ ក្រុម Chelsea បច្ចុប្បន្នកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយមាន៥ពិន្ទុតាមពីក្រោយក្រុម Spurs ខណៈដែលការប្រកួតនៅរដូវកាលនេះ នៅសល់ត្រឹមតែ៨លើកទៀតប៉ុណ្ណោះ ហើយការដណ្តើមបាន៣ពិន្ទុនៅចុងសប្តាហ៍នេះ នាកីឡដ្ឋាន Stamford Bridge នឹងជួយរក្សាក្តីសង្ឃឹមរបស់ពួកគេ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុម Tottenham មិនធ្លាប់បានឈ្នះនៅលើទឹកដីក្រុម Chelsea សោះក្នុងរយៈពេល២៨ឆ្នាំមកនេះ។ លោក Conte អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានឲ្យដឹងថា៖ «នេះគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់យើង។ គោលដៅរបស់យើងសម្រាប់ការបញ្ចប់រដូវកាលនេះ គឺការឈ្នះកៅអីមួយក្នុងក្របខ័ណ្ឌ Champions League និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពាន FA Cup។ ប្រសិនបើឈ្នះនៅថ្ងៃអាទិត្យនេះ យើងនឹងខិតកាន់តែកៀកក្រុម Tottenham។ ប៉ុន្តែ វាពិតជាលំបាកក្នុងការដណ្តើមយកកៅអីមួយក្នុង Champions League»។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ «យើងកំពុងតែនិយាយពីក្រុមដ៏អស្ចារ្យមួយ ដែលមានអ្នកចាត់ការទូទៅដ៏ឆ្នើមម្នាក់ និងក្រុមមួយដែលមានកីឡាករប្រកបដោយទេពកោសល្យជាច្រើន។ ខ្ញុំមិនហានមើលស្រាលទៅលើ Tottenham ឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានអភិវឌ្ឍយ៉ាងខ្លាំង។ ប៉ុន្តែ គ្មានអ្វីដែលមិនអាចទៅរួចឡើយ»៕
ប្រភពព័ត៌មាន៖ Sky Sports

Comments