ដំណាប់សេដា (ដំណាប់ល្មុត)


ភាសាអ្នកកំពង់ចាម វាត្រូវបានគេហៅថាសេដា ពេលយកធ្វើដំណាប់បែបនេះ គឺដំណាប់សេដា តែត្រូវបានគេស្គាល់ជាទូទៅថាដំណាប់ល្មុត។  ដំណាប់ល្មុតត្រូវបានគេចែកចាយ តាមបណ្តាយសង្គម និងមានអ្នកស្គាល់វាបន្តិចម្តងៗហើយ។ ថ្ងៃនេះផងដែរ ខ្ញុំសុំលើកយកវិធីធ្វើតំណាប់ល្មុត ដែលងាយៗ ហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រាកដជាអាចធ្វើបានដោយខ្លួនឯងផងដែរ។

គ្រឿងផ្សំ

- យកសេដាចាស់ល្អ តិចឬច្រើនផ្លែតាមការចង់ធ្វើ
- អំបិលគ្រួស ឬអំបិលហ្មត់
- ស្ករស ឬស្ករត្នោត ពីរភាគនៃអំបិល
- អំពិលទុំ (បើយកគ្រាប់រួចហើយកាន់តែល្អ)

វិធីធ្វើ
ចិតសេដា ដោយកាត់ផ្នែកខាងក្បាលចេញ ហើយចាប់ឆ្កៀលយកបណ្តូល និងគ្រាប់ចេញអោយអស់ (ឆ្កៀលល្មមយកតែគ្រាប់ និងបណ្តូលចេញអស់បានហើយ មិនបាច់ឆ្កៀលធំពេកទេ) រួចដាក់ត្រាំទឹករហូតដល់អស់ជ័រ ទើបស្រង់ចេញដាក់សំដិលអោយស្រស់ទឹកបន្តិច។  យកស្ករដាក់លាយចូលគ្នាជាមួយនឹងអំពិលទុំ អំបិល ហើយច្របាច់អោយចូលគ្នាសព្វល្អ។  យកសេដាដែលដាក់ហាលអោយស្រស់ទឹកនោះ មកចាប់ញាត់ល្បាយអំពិលទុំចូល ហើយដាក់វាហាលក្រោមកំដៅថ្ងៃ រយះពេល ១ទៅ២ថ្ងៃបើមិនសូវមានថ្ងៃល្អ ឬមួយថ្ងៃបើសិនជាមានថ្ងៃក្តៅល្អ។  មើលទៅសេដាអំពិលយើងរាងស្វិតមានហៀរទឹឹកអំពិលមក គឺអាចញ៉ាំបានហើយ។

អាចទុកបានមួយថ្ងៃនៅខាងក្រៅ ឬបីថ្ងៃនៅក្នុងទូរទឹកកក ព្រោះទុកយូរពេកអាចនឹងចូលខ្យល់ញ៉ាំលែងឆ្ងាញ់!


Comments